ក្រសួងអប់រំ ៖ ព្រឹកថ្ងៃទី១ មានបេក្ខជនប្រឡងបាក់ឌុបអវត្តមានចំនួន ១ ៧៨៨នាក់ ហើយការប្រឡងប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹកថ្ងៃទី១ នៃថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អវត្តមានចំនួន១ ៧៨៨នាក់ ស្មើនឹង១,២២ភាគរយ។
តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
ក្រសួង បញ្ជាក់ថា «នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)»។
ក្រសួង បន្ដថា បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក១២នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២១នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សូមជម្រាបថា នៅខេត្តសៀមរាបមានករណីដកទូរសព្ទពីបេក្ខជនចំនួន១ករណី។
ក្រសួង បន្ដថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕