អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បានប្រកាសពីគម្រោងដ៏មហិច្ឆតារបស់ខ្លួនក្នុងការដាក់ពង្រាយសេវាអ៊ីនធឺណិតផ្កាយរណប Kuiper នៅប្រទេសវៀតណាម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណា នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥។

ក្រុមហ៊ុន Amazon បានសម្រេចបោះទុនវិនិយោគរហូតដល់ ៥៧០លានដុល្លារ ត្រឹមឆ្នាំ ២០៣០ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណិតដ៏ធំមួយ។ គម្រោងនេះរួមមានការសាងសង់ស្ថានីយដីចំនួន ៦ កន្លែង និងរោងចក្រផលិតឧបករណ៍ទទួលសេវា នៅភាគខាងជើងនៃប្រទេសវៀតណាម។ គោលដៅចម្បងនៃគម្រោង Kuiper គឺដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន (broadband) ដល់តំបន់ដាច់ស្រយាល ក៏ដូចជានៅលើកោះនានាដែលមិនទាន់មានសេវាគ្រប់គ្រាន់។

សម្រាប់ការបោះជំហានដ៏ធំនេះរបស់ Amazon ធ្វើឡើងបន្ទាប់ពីខ្លួនបានបាញ់បង្ហោះផ្កាយរណបចំនួន ២៧ ដំបូងសម្រាប់គម្រោង Kuiper កាលពីខែមេសាកន្លងទៅ។ ការវិនិយោគនេះបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកក្នុងការពង្រីកសេវាអ៊ីនធឺណិតផ្កាយរណបនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ