ឆេះរថយន្ដដឹកប្រេង រាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ ក្នុងអណ្ដាតភ្លើង
ព្រះសីហនុ ៖ នៅវេលាម៉ោងជិត១២យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងចំនួន១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ក្នុងអណ្ដាតភ្លើង។
បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យឆេះរថយន្តដឹកប្រេងចំនួន១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង។ ម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មកររោងចក្រ។ ប្រភេទផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង៤ម៉ែត្រ គុណបណ្ដោយ៦ម៉ែត្រ (អស់ទាំងស្រុង)។
ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី អាយុ៤០ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង៧ម៉ែត្រ គុណបណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឲ្យឆេះដល់កូនស្លាប់ ចំនួ០៣នាក់ទៀត។
ចំពោះករណីអគ្គិភ័យខាងលើ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំនួន២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន២គ្រឿង បានប្រើប្រាស់ទឹកអស់២ឡាន៕