ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈកំណែទម្រង់តាមវិស័យនីមួយៗ ត្រូវគាំទ្រ និងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង៥ ដើម្បីធានាថាការកែលម្អស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នាលើគ្រប់វិស័យ និងគ្រប់ស្ថាប័ន ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។


លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការរៀបចំកែសម្រួល ឬដាក់ចេញសេចក្ដីណែនាំបច្ចេកទេស សម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗ ត្រូវណែនាំឱ្យមន្ទីរជំនាញរបស់ខ្លួន ផ្ដល់ការគាំទ្រឱ្យបានពេញទំហឹងដល់កិច្ចដំណើរការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗត្រូវបន្តកិច្ចសហការល្អ ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃក្នុងការចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាល ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងធានាប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលទាំងនោះ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបប្រទះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ