ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីឡើយក្រៅពីការតបត និងវាយបកជាមួយកងថៃឡើយ។

យោងតាមគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ កក្កដា នេះ សម្តេចតេជោមានប្រសាសន៍ថា ការឈ្លានពានរបស់យោធាថៃ និងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ ចាប់ផ្តើមចេញពីវាយរបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា។

សម្តេចតេជោបន្តថា «កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ”

សម្ដេចតេជោផ្តាំទៅពលរដ្ឋថា សូមប្រកបកិច្ចការងារធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។ ដូច្នេះជនរួមជាតិត្រូវជៀទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។

សូមរំលឹកថា បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ 

កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ