ភ្នំពេញ ៖ ស្របតាមស្មារតីរួបរួមប្រកៀកស្មាការពារជាតិ ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃម៉ឺងម៉ាត់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ បានច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាម ត្រៀមគាំទ្រកម្លាំងជួរមុខ។

ពិធីបរិច្ចាគឈាមគាំទ្រកម្លាំងជួបមុខ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន ដែលបានកំពុងអនុវត្តបទបញ្ជាការពារអធិបតេយ្យភាពជាតិ និងបូណភាពទឹកដី ប្រកបដោយភាពអង់អាចច្បាស់លាស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) វិស័យមហាផ្ទៃ និងកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល។

លោក រ៉េន រតនៈ អ្នកនាំពាក្យ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកបដោយមនសិការជាតិ ដែលប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងភរិយា បានដឹកនាំក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទ រៀបចំប្រព្រឹត្តទៅនេះ ជាកាយវិការបង្កប់ដោយទឹកចិត្តគាំទ្រដ៏ស្មោះសបំផុតចំពោះកម្លាំងយុទ្ធជនជួរមុខ ដែលឈរជើងត្រៀមប្រយុទ្ធតតាំងសត្រូវឈ្លានពាន ដោយហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ បើតាមអ្នកនាំពាក្យ ការរួមចំណែកនេះ នៅតែពុំអាចតបស្នងបានឡើយចំពោះពលិកម្មរបស់កម្លាំងយុទ្ធជនជាតិ និងការលះបង់ដ៏ធំធេងនៃក្រុមគ្រួសារយុទ្ធជន។

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសជាតិ ទទួលរងអំពើឈ្លានពានពីកងទ័ពថៃដ៏សាមាន្យ តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីភាគខាងជើងជាប់ប្រទេសឡាវ រហូតភាគខាងលិចជាប់សមុទ្រ ប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានវ៉ិញស្មារតីគ្នាជាធ្លុងមួយ គាំទ្រដោយឥតងាករេ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី និងយុទ្ធជនជាតិ ដែលបានទទួលបទបញ្ជាឈរជើងការពារយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន។

រលកមនសិការស្នេហាជាតិដ៏បរិសុទ្ធ ស្របតាមទស្សនៈបេះដូងដើរក្នុងចង្វាក់តែមួយ បានប្រែក្លាយជាសកម្មភាពជាក់ស្ដែងគួរជាទីមោទនៈ ទាំងការគាំទ្រជំនួយសម្ភារៈ ស្បៀងអាហារ និងការគាំពារគ្រប់បែបយ៉ាងចេញពីប្រជាពលរដ្ឋជួរក្រោយ ដល់ពលរដ្ឋភៀសសឹក ដល់យុទ្ធជន និងការលើកទឹកចិត្តខ្ពស់បំផុត ជូនរាជរដ្ឋាភិបាល ដើម្បីយកឈ្នះទាំងសមរភូមិប្រយុទ្ធ និងសមរភូមិកាទូត ឈរលើសន្តិភាព និងច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ