សម្ដេចតេជោ ហ៊ុន សែន ប្រាប់ ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។
ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។
ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។
ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់។