ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់អន្តរជាតិ Winstreak Volleyball Invitational Tournament នៅកោះតៃវ៉ាន់ សាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ទៅហើយ ដោយសមាគមបាល់ទះ វិសាខា របស់កម្ពុជា បានឈរចំណាត់ថ្នាក់លេខ៤។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា ៖

ឆ្លងកាត់ការប្រកួតពីមួយប្រកួតទៅមួយប្រកួត លទ្ធផលបានបញ្ជាក់ឱ្យឃើញពីសមត្ថភាព និងកម្រិតរបស់កីឡាករយើង ដែលប្រឈមមុខនឹងគូប្រកួតមានកម្រិតទាបជាង និងខ្ពស់ជាងយើង ព្រោះថាបើធៀបនឹងឆ្នាំមុន ក្រុមចូលរួមប្រកួតមានកម្រិតប្រដំប្រសងគ្នាទាំងអស់ តែក៏កើតចេញពីការខិតខំប្រឹងប្រែងរបស់យើងដែរ ប៉ុន្តែនៅឆ្នាំនេះ មានក្រុមខ្លាំងៗចូលរួមច្រើន ដូចជា ៖ មកពីកូរ៉េខាងត្បូង ថៃ និងម្ចាស់ផ្ទះជាដើម។

ជាធម្មជាតិនៃការគាំទ្រក្រុមដែលខ្លួនស្រលាញ់ចូលចិត្ត គឺគ្រប់គ្នាចង់ឈ្នះគ្រប់ការប្រកួត មិនថាការប្រកួតអ្វីក៏ដោយ។ ប៉ុន្តែយើងក៏ត្រូវងាកមកលើកទឹកចិត្តដល់ក្រុម នៅពេលដែលពួកគាត់បរាជ័យដែរ។ យើងស្វាគមន៍ការរិះគន់ដើម្បីស្ថាបនា ជាជាងរិះគន់ដើម្បីបំបាក់ទឹកចិត្ត។ ជាឧទាហរណ៍ ៖ មានអ្នក Comment មួយចំនួនបានដាក់សម្ពាធលើលោកគ្រូបង្វឹកថា ដាក់កីឡាករនេះ មិនដាក់កីឡាករនោះ ឱ្យចូលលេង ប៉ុន្តែនៅពេលដែលក្រុមការងារគ្រូបង្វឹកព្យាយាមផ្តល់ឱកាសឱ្យកីឡាករទាំងអស់ បានចូលលេងហើយ លទ្ធផលនៅតែមិនគាប់ប្រសើរ តើគួរងាកមកលើកទឹកចិត្តពួកគាត់ បែបណាវិញ?

ពិតណាស់ការប្រកួតចុងក្រោយដណ្តើមមេដាយសំរឹទ្ធិ វិសាខា ត្រូវជួបក្រុមម្ចាស់ជើងឯកលីគបាល់ទះថៃ Nakhon Ratchasima QminC ប៉ុន្តែនៅតែមានអ្នកបន្តវាយប្រហារលើលោកគ្រូបង្វឹករបស់យើង ដែលមានសញ្ជាតិថៃ។ បើក្រឡេកទៅមើលប្រមាណ ១០ឆ្នាំមុន ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងមានផ្លែផ្កានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺសុទ្ធតែដុះចេញពីដៃរបស់លោកគ្រូបង្វឹក Prayooncharn Khomkrich ទាំងអស់ លើផ្នែកមូលដ្ឋានគ្រឹះនិងបច្ចេកទេសជំនាញ។

ម៉្យាងទៀតជាធម្មតាគ្រូបង្វឹកត្រូវមានការទទួលខុសត្រូវចំពោះលទ្ធផលរួមនៃការប្រកួតរបស់ក្រុម ប៉ុន្តែលោកគ្រូ Prayooncharn Khomkrich ទើបតែត្រឡប់មកដឹកនាំនៅប៉ុន្មានខែនេះទេ ដោយត្រូវការពេលវេលា និងសង្កេតឃើញមានការរីកចម្រើនខ្លាំង ទាំងក្រុមឈុតធំ និងឈុតយុវជន។ យើងត្រូវផ្តល់ឱកាសនិងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត ក្ដីស្រលាញ់ និងមនោសញ្ចេតនា ចំពោះក្លិបនៅប្រទេសរបស់យើង។

ករណីមួយទៀត គឺមានអ្នកព្យាយាមអូសចូលលើបញ្ហាជាតិនិយម ដោយចោទថា «គ្រូថៃ ទើបចាញ់ក្រុមថៃ» ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ នៅតែជឿជាក់លើស្មារតីក្រុម ដោយគ្មានអ្នកណាចង់ប្រកួតចាញ់នោះទេ មិនថាក្រុមការងារគ្រូបង្វឹក ឬកីឡាករ ទាំងដើម្បីកេរ្តិ៍ឈ្មោះខ្លួនឯង និងកិត្តិយសជូនជាតិមាតុភូមិ។ ក្លិបនីមួយៗសុទ្ធតែមានផ្ទៃក្នុងរៀងៗខ្លួន ហើយអ្នកដែលយល់ច្បាស់ជាងគេពីស្ថានភាពរបស់ក្លិបខ្លួននោះគឺ គណៈគ្រប់គ្រង ក្រុមគ្រូបង្វឹក និងកីឡាករខ្លួនឯងផ្ទាល់។

ជាទីបញ្ចប់ក្នុងនាមមហាគ្រួសារបាល់ទះកម្ពុជា ខ្ញុំសូមអរគុណដល់ក្រុមកីឡាករ និងប្រតិភូ ដែលបាននាំយកទង់ជាតិកម្ពុជា ចេញទៅបង្ហាញលើឆាកអន្តរជាតិ។ សូមបងប្អូនទាំងក្នុងនិងក្រៅប្រទេស ដែលនិយមគាំទ្រវិស័យបាល់ទះជាតិយើង និងសូមមេត្តាយោគយល់ ហើយបន្តគាំទ្រ លើកទឹកចិត្តកីឡាកររបស់យើង ឱ្យមានការប្រឹងប្រែងជាបន្តបន្ទាប់ទៅមុខទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ