នាយឧត្តមសេនីយ៍ ស ថេត ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស ជាដៃគូយ៉ាងស្អិតរមួត ប្រៀបដូចស្លាបទាំងគូរបស់បក្សី ដើម្បីធានាសន្ដិសុខ សុវត្ថិភាព
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា កន្លងទៅរហូតមកដល់ពេលបច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស គឺជាដៃគូសហការគ្នាយ៉ាងជិតស្និត និងរឹងមាំមិនអាចខ្វះបាន និងត្រូវជួយបំពេញឲ្យគ្នាទៅវិញទៅមក ប្រៀបដូចស្លាបទាំងគូរបស់បក្សី។
នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស តែងធ្វើសកម្មភាពព្រមៗគ្នាក្នុងពេលតែមួយ ដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការពង្រឹងកិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសន្ដិសុខ សុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសាររបស់សម្ដេចទាំងមូល។
ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតំណាងឲ្យកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដូចតទៅ៖
*ទី១៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីបន្តការពារ និងរក្សា «សន្តិភាព» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ឲ្យបានឋិតថេរគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ
*ទី២៖ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ និងរឹងមាំជាមួយបញ្ជាការដ្ឋានអង្គរក្ស ក្នុងការធានា និងការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ ឲ្យបានសម្រេចដោយជោគជ័យ១០០% នៅគ្រប់កាលៈទេសៈ និងទីកន្លែងដោយភក្ដីភាព
*ទី៣៖ ប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តថែរក្សាឲ្យបានជាដាច់ខាតនូវស្នាដៃ និងសមិទ្ធផលដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនានារបស់ឧត្តមវីរៈយុទ្ធជនស្នេហាជាតិជំនាន់២ធ្នូ ដ៏អង់អាចក្លាហាន ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាង និងបន្សល់ទុកសម្រាប់កូនខ្មែរគ្រប់ជំនាន់
*ទី៤៖ ប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រតិបត្តិ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដោយភាពស្មោះត្រង់ និងឥតងាករេ
*ទី៥៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កភាពវឹកវរដល់សង្គម ពិសេសឧបាយកលបដិវត្តន៍ពណ៌ ចលនាផ្ការីក ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ
*ទី៦៖ ប្តេជ្ញាចិត្តរួមគ្នាដើម្បីគាំទ្រ និងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
*ទី៧៖ ប្តេជ្ញាចិត្តរួមគ្នា និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងបេក្ខភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៨ និងនីតិកាលបន្តបន្ទាប់នៃរដ្ឋសភា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល៕