ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានខ្លឹមសារទាំងស្រុងថា «សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ!»។

សូមជឿជាក់ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃ និងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធីប្រកបដោយភាពម៉ឺងម៉ាត់។

ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់,សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ មានបីសំខាន់ៗ គឺ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។

ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
 
ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក «បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ