ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញសាសនិកឥស្លាមទាំងអស់ បន្ដស្មារតី «សុខដុមនីយកម្មជាតិសាសន៍ និងសាសនា» និងបន្ដទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដ៏ទៃ
ត្បូងឃ្មុំ ៖ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានជំរុញដល់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា រួមទាំងសាសនិកឥស្លាមទាំងអស់ ត្រូវបន្ដស្មារតី «សុខដុមនីយកម្មជាតិសាសន៍ និងសាសនា» ប្រកបដោយសាមគ្គីភាព និងមិត្តភាព និងបន្ដទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដ៏ទៃទៀត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទការប្រឡងសូធ្យលើកទី៣២ និងប្រឡងសូធ្យចាំមាត់លើកទី៦ គម្ពីរអាល់គួរអានុលការីមថា្នក់ជាតិ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅវិហារធំឥស្លាម ជំនីក ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែជាអគ្គមគ្គុទេសក៍ឯកស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលសម្រចបានសុខសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចតេជោ ក៏ជាបិតាស្ថាបនិក នៃគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលបង្កើតបានជាដំបូលម្លប់ ដ៏ត្រជាក់មួយសម្រាប់រាល់គ្រប់សាសនាទាំងអស់ រស់នៅជួបជុំ ប្រាស័យទាក់ទងគ្នា ប្រកបដោយ ការយោគយល់ មេត្តាធម៌ សន្តោសប្រណី សាមគ្គីភាព គ្មានការរើសអើង បង្កើតបានជាសង្គមមួយ ប្រកបដោយភាពសុខដុមរមនា។
ឧបនាយករដ្ឋមន្ដ្រី ក៏បានសំណូមពរដល់សហគមន៍ខ្មែរឥស្លាម ត្រូវបន្តប្រពៃណីផូរផង់ គឺការប្រព្រឹត្តអំពើល្អ ដែលជាគោលការណ៍ធម៌នៃគម្ពីរអាល់គួរអានុលការីម និងប្រសាសន៍ ព្យាការីមូហាម៉ាត់ ដោយយើងទាំងអស់គា្នត្រូវចាំថា គោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សម្ដេចតេជោ និងសម្ដេចធិបតី គឺប្រកាន់យកតែអំពើល្អដែលជាត្រីវិស័យនាំឲ្យកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើនមកដល់សព្វថ្ងៃនេះ៕