ប្រមុខក្រសួងមហាផ្ទៃ ណែនាំនគរបាលជាតិគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញភារកិច្ច ដើម្បីរួមគ្នាការពារសន្តិភាព
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ក្នុងការបំពេញភារកិច្ច ប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព និងសុវត្ថិភាពសង្គម ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។
តាមរយៈសារលិខិតរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥) លោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត ក៏ដូចជា គោលនយោបាយ យុទ្ធសាស្ត្រសំខាន់ៗ គោលការណ៍ បទបញ្ជា និងវិធានការនានា ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ឆ្នាំ២០២៥ ក៏ដូចជាបណ្តាឆ្នាំខាងមុខ សភាពការណ៍សកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាព ស្មុគស្មាញ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន អាស្រ័យដោយកត្តាសកម្មភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងឧត្តមភាពយោធារបស់មហាអំណាច ការធ្វើសង្គ្រាម ជម្លោះជនជាតិ សាសនានៅតាមតំបន់ជាច្រើន ទន្ទឹម នឹងការកើនឡើងនូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ពិតជាបង្ក ផលប៉ះពាល់ ទោះតិច ឬច្រើនដល់ព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ដោយឡែកនៅក្នុងប្រទេសកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មាតុភូមិកម្ពុជានឹងបន្តបោះជំហានរីកចម្រើន យ៉ាងរឹងមាំ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ស្ថានភាពសង្គមនឹងមានការ ប្រសើរថែមទៀតលើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ដូចនេះកងកម្លាំង នគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព»៕