រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ពុំត្រូវចាត់ទុកបញ្ហាក្មេងទំនើង ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ ឬកងកម្លាំងនគរបាល
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារនេះ ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ គឺចូលរួមទាំងអស់គ្នា ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើង នៅតាមមូលដ្ឋានបាន។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអប់រំកូនចៅរបស់ខ្លួនកុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោល គឺមានពលរដ្ឋចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម ក្នុងនោះសម្រាប់សិស្សថ្នាក់ទី១២ មិនថាស្រុកព្រះស្ដេច និងខេត្តព្រៃវែងទាំងមូលនោះទេ គឺឯកឧត្តមអភិសន្តិបណ្ឌិត ត្រៀមផ្តល់ការលើកទឹកចិត្តម៉ូតូមួយគ្រឿងសម្រាប់សិស្សជាប់និទ្ទេសA៕