ក្រុងសិរីសោភ័ណ ៖ ក្រោយផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ ជុំវិញវត្តមានមន្រ្តីនគរបាល៤រូប លេចមុខក្នុងក្រុមអ្នកប្រើប្រាស់ថ្នាំញៀននៅខារ៉ាអូខេ ដឹឃ្វីន ដែលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងជំនាញនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឆ្មក់បង្ក្រាបស្ងាត់ៗ កាលពីចុងខែមេសាកន្លងទៅ។ ពេលនេះ អ្នកនាំពាក្យនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញមកអះអាងថា មន្រ្តីនគរបាល ៤រូបនោះ គឺគ្រាន់តែទៅច្រៀងលេងកម្សាន្តប៉ុណ្ណោះ និងគ្មានច្បាប់ហាមឃាត់មិនឱ្យចូលច្រៀងខារ៉ាអូខេឡើយ។

តាមរយៈសេចក្ដីបំំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់យ៉ាងដូចច្នេះថា «មន្ត្រីនគរបាលចំនួន៤នាក់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពិតជាបានចូលទៅច្រៀងលេងកម្សាន្តនៅខារ៉ាអូខេ ដឺឃ្វីន ខេធីវី (The Queen KTV) ប្រាកដមែន ប៉ុន្តែមិនមែន បន្ទប់ជាមួយក្រុមនៃអ្នកប្រើប្រាស់សារធាតុញៀនខុសច្បាប់នោះទេ គឺពួកគាត់ [មន្ត្រីនគរបាល] ចូលបន្ទប់ផ្សេងគ្នាដើម្បីច្រៀងលេងកម្សាន្តសប្បាយប៉ុណ្ណោះ ខណៈទីតាំងនោះ មានច្រើនបន្ទប់សម្រាបទទួលភ្ញៀវ»។

អ្នកនាំពាក្យឱ្យដឹងបន្តថា យ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញបាននាំខ្លួនសមត្ថកិច្ចទាំងនោះមកធ្វើការសាកសួរ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនចំនួន២លើក ដោយលទ្ធផលបានបង្ហាញថា [អវិជ្ចមាន]ទាំងអស់។ ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ បានគូសបញ្ជាក់បន្ថែមថា «៖ម្យ៉ាងវិញទៀត..ពុំទាន់មានគោលការណ៍ណែនាំ ឬច្បាប់ណាមួយហាមឃាត់មិនឱ្យចូលខារ៉ាអូខេច្រៀងលេងកម្សាន្តក្រៅម៉ោងការងារនោះដែរ លុះត្រាតែការចូលនោះបានប្រព្រឹត្តអ្វីខុសទៅនឹងបទបញ្ជា ឬក៏ច្បាប់កំណត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ បានយកមន្ត្រីនគរបាលទាំង៤នាក់នោះ មកធ្វើការអប់រំនៅស្នងការដ្ឋាន ដើម្បីធ្វើការពិនិត្យ និងតាមដានបន្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ