ត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងារហ្វេសប៊ុក សម្ដេច ស ខេង និងឧនាយករដ្ឋមន្ដ្រី ស សុខា បានដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២៨គណនី
ភ្នំពេញ ៖ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ រួមមាន៖
- បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ សរុបចំនួន ៩១គណនី
-បានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ២៨គណនី
-បាននិងកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ចំនួន ៤៥គណនី
-បានលើកជាគំនិតយោបល់របស់ប្រជាពលរដ្ឋ ដើម្បីជ្រាប ចំនួន ១៨គណនី។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ជាមួយគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។ វឌ្ឍនភាពការងារនេះ អាចសម្រេចទៅបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងទំព័រហ្វេសប៊ុករបស់ លោក។
ទន្ទឹមនឹងលទ្ធផលខាងលើនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏សុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថារាល់ដំណោះស្រាយនោះ មានភាពគ្រប់ជ្រុងជ្រោយ និងចំបញ្ហា ព្រមទាំងបានចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ។ ឆ្លៀតក្នុងឱកាសនេះ លោក សូមសម្តែងការកោតសរសើរចំពោះមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍៕