សម្ដេចតេជោ ហ៊ុន សែន ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី យោធាកម្ពុជា-ថៃ បានជួបគ្នានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នេះ និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។
តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យដឹងបន្ថែមថា«ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា.ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់»។
សម្ដេចតេជោ បន្ដថា «ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃ ពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ការស្វែងរកដំណោះស្រាយតាមរយៈ ការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផល ដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»៕