ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុប១៤៧ ករណី ក្នុងនោះមានអាជីវកម្មផ្លូវភេទ៩២ករណី។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២០៥នាក់ ស្រី៣៧នាក់ និងជនបរទេស១៩នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

បើតាមអ្នកនាំពាក្យរង ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទាំង១៤៧ករណីនោះ អំពើជួញដូរមនុស្សបង្ក្រាបបានចំនួន៥៥ករណី ឃាត់ខ្លួនមនុស្ស៧៩នាក់ ស្រី៧នាក់ ជនបរទេស១៣នាក់ សង្គ្រោះជនរងគ្រោះបានចំនួន២០០នាក់ និងអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន ៩២ករណី ឃាត់ខ្លួនមនុស្ស ១២៦នាក់ ស្រី៣០នាក់ ជនបរទេស៦នាក់ និងសង្គ្រោះជនរងគ្រោះ២៨៣នាក់។ ជារួមទាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សមត្ថកិច្ចបានរំដោះជនរងគ្រោះសរុប ៤៨៣នាក់។

ក្នុងរយៈពេលដូចគ្នានេះ ក្រសួងមហាផ្ទៃក៏បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នជំនាញទាំងក្នុង និងក្រៅប្រទេស ជួយអន្តរាគមន៍ឱ្យពលរដ្ឋខ្មែរបានត្រឡប់មកប្រទេសកម្ពុជាវិញសរុប១៥៧នាក់ ក្នុងនោះមានអនីតិជន ៣៦នាក់។ នេះជាការបន្ថែមឱ្យដឹងពីលោក ទូច សុឃៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ