ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា សម្ដេច បានច្រានចោលសំណើរសុំលុយជិត ១០លានដុល្លារ របស់ក្រសួងធនធានទឹក ក្នុងការសាងសង់ច្រាំងទន្លេប្រវែងប្រមាណ ១គីឡូម៉ែត្រ នៅតំបន់ដែលមានដីបាក់ច្រាំង ក្នុងខេត្តកំពង់ចាម បន្ទាប់ពីមិនមានការធានាពី រដ្ឋមន្ត្រីក្រសួងនេះ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់ត៍ខនស៍ នៅខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានជម្រើសផ្សេងក្នុងការទប់ស្កាត់ការបាក់ច្រាំងទន្លេដោយពិនិត្យលើការបូមខ្សាច់ដុះនៅផ្នែកខាងលើខ្សែទឹកវិញ។ ការណែនាំនេះគឺបន្ទាប់ពីសម្ដេចបានច្រានចោលសំណើរបស់ក្រសួងធនធានទឹកលើគម្រោងដែលមានតម្លៃជិត១០លាន លើការសាងសង់ច្រាំងនៅខេត្តកំពង់ចាម។

សម្ដេច ថា «ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹកឡើងគម្រោងមួយគាត់ថាចង់ទប់កន្លែងបាក់នៅតំបន់ហ្នឹងគាត់សុំធ្វើរបងមួយគីឡូដីចាក់ច្រាំងបេតុង អស់ជិត១០លានដុល្លារ។ ខ្ញុំសួរថាធានាបានប៉ុន្មានឆ្នាំ? គាត់ថាសម្ដេចខ្ញុំអត់ហ៊ានធានាទេ! ស៊ីសងលើទឹក។ ខ្ញុំថាមិនបាច់ធ្វើទេចឹងវាអត់ប្រយោជន៍ យើងសុខចិត្តរកលុយមកបូមខ្សាច់ទាញចរន្តមកវិញ»។

បើតាម សម្ដេច នាយករដ្ឋមន្ត្រី ខ្សាច់ដែលដុះនៅខ្សែទឹកខាងលើទន្លេមេគង្គបានធ្វើឱ្យប្រែប្រួលចរន្តទឹកហូរដែលនេះហើយជាមូលហេតុរុញឱ្យបាក់ច្រាំងទន្លេបង្កើតខ្សែទឹកថ្មី។

សម្ដេចធិបតី បានណែនាំឱ្យក្រសួងរ៉ែ និងក្រសួងសេដ្ឋកិច្ច ប្រជុំវាយតម្លៃ និងពិភាក្សាជាមួយវិស័យឯកជនដើម្បីបូមខ្សាច់ដែលដុះនៅខ្សែទឹកខាងលើដើម្បីឱ្យក្រុមហ៊ុនឯកជនទទួលបានអត្ថប្រយោជន៍ ហើយនឹងជួយដោះស្រាយបញ្ហាបាក់ច្រាំងនៅខាងក្រោមផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ