ភ្នំពេញ ៖ «កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»។
នេះបើយោងតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលានេះ ក្រោយការស្រាវជ្រាវ ប្រមូលភស្តុតាង និងការស្ដាប់ចម្លើយ បានរកឃើញថា ឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន។
សូមរម្លឹកថា បុរសដែលជាអ្នកបង្កហិង្សា ត្រូវបានគេស្គាល់ថាជា ឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
ស្រ្តីរងគ្រោះ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នាងត្រូវបានបុរសជាម្ចាស់រថយន្តម្នាក់ដែលក្រោយមកត្រូវបានគេស្គាល់ថាជា ឧត្តមសេនីយ៍ត្រី ឈឹម ឆែម វាយនាងនឹងកាំភ្លើង នាំឱ្យរបួសក្បាល ក្រោយនាងបានទាមទារថ្លៃសំណង ២ម៉ឺនរៀល ពីការថយបុកម៉ូតូរបស់ខ្លួន៕


