ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។ នេះតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និង នាំខ្លួនជនល្មើសមកផ្តន្ទាទោស។

* ការទទួលស្គាល់ភាពស្មុគស្មាញនៃបញ្ហាប្រឈម

ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន កំពុងរីករាលដាលកាន់តែខ្លាំងឡើងដោយឆ្លងកាត់ព្រំដែនប្រទេស ហើយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ បណ្តាញឧក្រិដ្ឋកម្មទាំងនោះ ធ្វើប្រតិបត្តិការឆ្លងដែន សមត្ថកិច្ចផ្សេងគ្នាជាច្រើន ប្រើប្រាស់សារទាក់ទងសម្ងាត់ (តាមរយៈកូដនីយកម្ម) រូបិយប័ណ្ណឌីជីថល និងខ្សែសង្វាក់ជ្រើសរើសពលកម្មឆ្លងប្រទេស ដែលធ្វើឱ្យពិបាកបែងចែកពីភាពខុសគ្នារវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស។ បុគ្គលជាច្រើនរូបដែលជាប់នៅក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើជួញដូរ និងការបង្ខិតបង្ខំ។

កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការបែងចែកឲ្យដាច់ រវាងជនរងគ្រោះពិតប្រាកដ និងឧក្រិដ្ឋជន ដោយធានាថា ធានាថា វិធានការឆ្លើយតបនានា មានលក្ខណៈមនុស្សធម៌ សមាមាត្រ និងយុត្តិធម៌។ យើងក៏សូមគូសបញ្ជាក់ផងដែរថា ព័ត៌មានបំផ្លើសឬបំភ័ន្ត អាចបង្កឱ្យមានការមាក់ងាយយ៉ាងអយុត្តិធម៌ទៅលើពលករ ការទទួលខុសត្រូវនិងភាពពិតប្រាកដ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ហើយការពារជនដែលងាយរងគ្រោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ