សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយ នាយករដ្ឋមន្ត្រីជប៉ុនថ្មី ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោកស្រី TAKAICHI Sanae នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុនថ្មី ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។
តាមសារលិខិតអបអរសាទរជូនចំពោះ លោកស្រី TAKAICHI Sanae ត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវការអបអរសាទរដ៏ស្មោះស្ម័គ្រជូនចំពោះលោកស្រី ក្នុងឱកាស ត្រូវបានសភាជប៉ុន បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រយៈពេលច្រើនឆ្នាំកន្លងមកនេះ កម្ពុជា និងជប៉ុនបាន និងកំពុងបន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរ តាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន។
ក្នុងខែឧសភា ឆ្នាំនេះ សម្ដេច ក៏មានសេចក្តីរីករាយដែលបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន អត្ថន័យ និងផ្លែផ្កា ដែលក្នុងឱកាសនោះ ប្រទេសយើងទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុះមុត ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជារបត់ថ្មីនៃទំនាក់ទំនងទ្វេភាគី របស់យើងដែលត្រូវបានដំឡើងកាលពីឆ្នាំ ២០២៣។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយលោកជំទាវ ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេស យើងទាំងពីរ ក៏ដូចជារួមគ្នាលើកកម្ពស់ចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់របស់យើង និងសកលលោក។ ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថានឹងមានឱកាសជួបលោកជំទាវ ក្នុងពេល វេលាសមស្របណាមួយឆាប់ៗនេះ»៕