នាយករដ្ឋមន្ត្រីកម្ពុជា ៖ សង្រ្គាមងាយបង្កើតណាស់ ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះនឹងផ្ទុះឡើង ប៉ុន្តែការរំលត់ភ្លើងសង្រ្គាមទើបវាលំបាក
កំពង់ឆ្នាំង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការបង្កើតសង្រ្គាម គឺជារឿងងាយស្រួលទេ តែការពន្លត់ភ្លើងសង្រ្គាមទើបជារឿងដែលលំបាក។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ គូសបញ្ជាក់ថា «សង្រ្គាមវាងាយបង្កើតណាស់ សម្រេចចិត្តត្រឹមតែប៉ុន្មាននាទី គឺសង្រ្គាមផ្ទុះហើយ ប៉ុន្តែការរំលត់ភ្លើងសង្រ្គាមទើបវាជារឿងលំបាក លន់ នល់ សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបិតាជាតិរបស់យើង ព្រះបរមរតនកោដ្ឋ គឺសម្រេចចិត្តក្នុងតែប៉ុន្មានតែប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញផលវិបាកពីការសម្រេចចិត្តនេះ បានធ្វើឲ្យប្រទេសមានសង្រ្គាម ដែលសម្លាប់ប្រជាជនពេលនោះរាប់សែននាក់ របួស ពិការរាប់ម៉ឺននាក់»។
សម្ដេចតេជោ បន្តថា បន្ទាប់មក ប្រទេសកម្ពុជា បានចូលដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ដោយប្រជាជនជាង ៣លាននាក់ ត្រូវបានសម្លាប់។ ក្រោយមកទៀត ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន បានរំដោះប្រជាជនចេញពីរបប ប៉ុល ពត តែសង្រ្គាមនៅមានបន្តរហូតដល់ឆ្នាំ ១៩៩៨ ទើបប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានចូលរួមថែរក្សា ការពារសន្តិភាព និងបានអំពាវនាវឲ្យបន្តថែរក្សាការពារសន្តិភាព បន្តទៀត ដែលជាគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ៕EB