ការប៉ះទង្គិចគ្នារវាងកងទ័ព កម្ពុជា-ថៃ កាលពីម្សិលមិញ ! សម្តេចតេជោ ហ៊ុន សែន សន្និដ្ឋានថា កើតឡើងដោយបុគ្គល ឬអង្គភាព
ភ្នំពេញ ៖ ជុំវិញការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសន្និដ្ឋានថា មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ដ្រីថៃនោះទេ វាអាចកើតចេញពីបុគ្គល ឬអង្គភាពថ្នាក់ខាងក្រោម។
ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
នាឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ការបញ្ជូនអាវុធយុទ្ធភណ្ឌ ទៅព្រំដែននៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀត បង្ករហេតុណាមួយ ។ រឿងនេះ បទពិសោធន៍ដែលកើតឡើងនៅឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។
សម្ដេចតេជោ មានប្រសាសន៍ថា «លើកនេះ ខ្ញុំ មិនជឿថា វាជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្ដ្រីថៃ ឬក្រសួងការពារជាតិថៃ អនុញ្ញាតឱ្យបែបនេះទេ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺជាហាត់ដូចជា កើតឡើងដោយបុគ្គល ឬអង្គភាព នៅខាងក្រោមទៅធ្វើរឿងនេះ ដែលព្រលឹមស្រាងៗ ចាប់ផ្ដើមវាយឆ្មក់។ប៉ុន្ដែម៉ោង ៦ល្ងាចម្សិលមិញ ក៏ត្រូវបានដកត្រឡប់ទៅវិញ»។
សម្ដេចតេជោ បន្ដថា « ប្រសិនបើនេះ ជាគោលការណ៍របស់រាជរដ្ឋាភិបាល ប្រហែលជាកម្លាំងនេះមិនត្រូវបានដកទេ ចឹងច្បាស់ណាស់ថា មិនមែនជាបន្ទាត់នយោយបាយរបស់រាជរដ្ឋាភិបាលថៃ ឬក៏ក្រសួងការពារជាតិថៃ ឬកងទ័ពថៃទាំងមូលនោះទេ ប៉ុន្ដែអាចចេញមកពីអង្គភាពតែប៉ុណ្ណោះ។ នេះគ្រាន់តែជាការប៉ានស្មានរបស់ខ្ញុំតែប៉ុណ្ណោះ »៕