ប្រមុខក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលរាជធានី-ខេត្ត ត្រូវជំរុញការរៀបចំឯកសារគាំទ្រឱ្យកុមារ ជាកូនចៅប្រជាពលរដ្ឋវិលត្រឡប់មកពីថៃវិញ ចូលរៀនបានគ្រប់ៗគ្នា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ជំរុញការរៀបចំឯកសារគាំទ្រឱ្យកុមារ ជាកូនចៅពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃវិញ ចូលសិក្សារៀនសូត្រនៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសទទួលជួបប្រជុំពិភាក្សាជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រតិភូ អំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងជំរុញការសម្របសម្រួលផ្ដល់សេវាឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានស្របតាមច្បាប់។ លោក ក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រក្រសួងការងារ បានដាក់ចេញការសម្របសម្រួលជាមួយរោងចក្រ សហគ្រាសទទួលពាក្យចូលបម្រើការងារពីពលរដ្ឋខ្មែរវិលពីប្រទេសថៃដោយពុំតម្រូវយកឯកសារចាំបាច់។
លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «រដ្ឋបាលរាជធានី ខេត្ត ខិតខំដឹកនាំការសម្របសម្រួល និងបង្កលក្ខណៈ ជំរុញការរៀបចំឯកសារ គាំទ្រឱ្យកុមារជាកូនចៅពលរដ្ឋវិលពីប្រទេសថៃ ចូលសិក្សារៀនសូត្រនៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា និងទាន់ឆ្នាំសិក្សា»។
នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរវិលពីប្រទេសថៃជាង៩០ម៉ឺននាក់ហើយ ដោយតួលេខនេះ ត្រូវបានឯកភាពគ្នាកំណត់យ៉ាងជាក់លាក់រវាងស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន៕