ក្រុមហ៊ុនដ៏ធំវើលប្រ៊ីដ សហការជាមួយសារព័ត៌មានក្នុងស្រុកមួយរៀបចំវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥»
ភ្នំពេញ ៖ ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា បានសហការជាមួយអង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមី ចាប់ដៃគ្នារៀបចំនូវវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និង ការវិនិយោគ ២០២៥» កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ ដោយបានប្រមូលផ្ដុំទៅដោយមេដឹកនាំធុរកិច្ចធំៗ និងអ្នកជំនាញសេដ្ឋកិច្ចល្បីៗ រួមទាំងភ្ញៀវចូលរួម ដែលជាថ្នាក់ដឹកនាំអាជីវកម្ម និងសហគ្រិនជាច្រើនរូប។ វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើង ក្នុងគោលបំណងជំរុញឱ្យមានកិច្ចសន្ទនាជាយុទ្ធសាស្ត្រអភិវឌ្ឍ ការបង្កើតឱកាសសំខាន់ៗ និង កិច្ចសហប្រតិបត្តិការ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជា ផ្ដល់ជាធាតុចូល សម្រាប់ការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចជាតិសំខាន់ៗផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ដែរថា ការចូលរួមនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការ និងការបើកឱកាស ដែលនឹងជំរុញដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលខាងមុខ។ អ្នកឧកញ៉ា បន្ថែមថា វេទិកានេះ ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្ដុំអ្នកជំនាញពីវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមពិភាក្សាផ្ដល់នូវទស្សនទានល្អ សម្រាប់ការដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលពិភពលោក រួមទាំងកម្ពុជាកំពុងជួបប្រទះ។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានអញ្ជើញចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងវេទិកាពិភាក្សានេះ បានលើកឡើងដែរថា កិច្ចពិភាក្សាពេញមួយថ្ងៃ ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗទាំង ៦ ខាងលើនេះ មើលទៅ អាចមើលទៅហាក់ដូចជាបញ្ហាដាច់ដោយឡែក ប៉ុន្តែតាមពិត ប្រធានបទទាំងអស់នេះគឺ មានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានបទទាំងនេះ ក៏ជាសរសរស្ដម្ភ ដែលអាចនឹងបង្កើតបានជាក្របខណ្ឌមួយសម្រាប់ភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ពិតជាតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល មិនត្រឹមតែពីវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្រូវការការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អ្នកផ្តល់ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់។
លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស បានលើកឡើងថា បច្ចុប្បន្ន យើងទាំងអស់គ្នាបាននិងកំពុងរស់នៅក្នុងពេលវេលា នៃការផ្លាស់ប្ដូរសកល ដែលមិនធ្លាប់មានពីមុនមក រួមទាំង ឌីជីថលភាវូបនីយកម្ម ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និង ពិភពលោក ដែលកំពុងបែកខ្ញែកជាប្លុក ជាបក្សជាពួក និងបញ្ហាសង្គ្រាមពាណិជ្ជកម្មចាក់ស្រែះ ដែលទាំងអស់នេះ គឺជាកត្តាប្រឈមធំៗ ក្នុងដំណើរការប្រតិបត្តិធុរកិច្ច និង ការរស់នៅប្រចាំថ្ងៃ។
លោក ស៊ឺន សាយ ជឿជាក់ថា តាមរយៈវេទិកាពិភាក្សារយៈពេលពេញមួយថ្ងៃនេះ នឹងអាចជួយរុករកឃើញនូវគន្លឹះសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន និងចែករំលែកការយល់ដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើតបានជាគំនិតយុទ្ធសាស្ត្រល្អៗ ដែលអាចជាត្រីវិស័យ សម្រាប់ការដឹកនាំធុរកិច្ច និងការវិនិយោគឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពធន់។ លោកក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបានសហការគាំទ្រ យ៉ាងពេញទំហំង សម្រាប់គំនិតផ្ដួចផ្ដើមរៀបចំវេទិកាពិភាក្សានេះ។ ការចូលរួមរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន បន្ដជំរុញ លើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជាកាន់តែប្រសើរ និងមានភាពប្រកួតប្រជែងខ្ពស់។
គួរបញ្ជាក់ថា វេទិកាកិច្ចពិភាក្សា ស្ដីអំពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥» ត្រូវបានរៀបចំឡើងរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥៖៣០នាទីល្ងាច ដោយមានមានការពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗ និងមានការចូលពីវាគ្មិនជាច្រើន រួមមាន អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក បណ្ឌិត ហួត ពុំ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក កឹម បូរ៉ា នាយកក្រុមហ៊ុនមូលនិធិវិនិយោគឯកជន MEKONG STRATEGIC PARTNERS លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)ឧកញ៉ាស៊ិន ចន្ធីអគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia ,លោកគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម ៕