ភ្នំពេញ ៖ ជនជាតិកូរ៉េជាង ៦០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាបញ្ជាក់របស់ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងជំនួបជាមួយលោកជំទាវ គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ក្នុងរយៈ ពេល៤ខែ ចុងក្រោយ ឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជា បានបញ្ជូនមុខសញ្ញាមេខ្លោងនិងបក្ខពួកសរុប ៧៥នាក់ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យជាង ៣ ៤០០ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

លោក បានគូសបញ្ជាក់ថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកល និងស្មុគស្មាញ ដែលតម្រូវឱ្យប្រទេសនីមួយៗមានភាពជឿជាក់ សហការគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំង ក៏ដូចជាផ្សព្វផ្សាយអប់រំពលរដ្ឋឱ្យបានយល់ពីហានិភ័យ ទម្រង់នៃការឆបោក និងឧបាយកលរបស់ក្រុមឧក្រិដ្ឋជន ក្នុងការអូសទាញពលរដ្ឋឱ្យធ្លាក់ចូលកលល្បិចរបស់ឧក្រិដ្ឋជន។ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូ មានសារៈសំខាន់ក្នុងការធានាដល់ការលុបបំបាត់មិនឱ្យក្រុមឧក្រិដ្ឋជនកកើតឡើងវិញ ឬផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀតបាន។ 

លោកស្រី អនុរដ្ឋមន្ត្រីទី២ បានសង្កត់ធ្ងន់ថា កន្លងមកសមត្ថ កិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌ មានពុំបានផ្សព្វផ្សាយទេ។ លោកស្រី អនុរដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស ការសម្របសម្រួលជូនគណៈប្រតិភូរបស់ លោកស្រី ចុះពិនិត្យមើលទីតាំងមួយចំនួន និងការត្រៀមបញ្ជូនពលរដ្ឋកូរ៉េត្រលប់ទៅប្រទេសកំណើតវិញ ដែលតាមរយៈនេះបង្ហាញថា កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងល្អ និងគ្រប់គ្រងទីតាំងបានប្រសើរ។ 

គួរបញ្ជាក់ផងដែរថា កន្លងមកកម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណ រដ្ឋកូរ៉េ វិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ