ភ្នំពេញ ៖ សម្តេចក្រឡាហោម ខេង ឧបកនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់សមត្ថកិច្ចត្រូវត្រួតពិនិត្យបញ្ហាគ្រឿងញៀន ចំពោះអ្នកបើកបរ ជាពិសេសប្រភេទឡានធំៗ ដើម្បីចូលរួមទប់ស្កាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានស្នើឲ្យសមត្ថកិច្ចមានវិធានការ ចំពោះអ្នកបើកបរល្មើសច្បាប់ ពីព្រោះថា មានមិនតិចទេ បានប៉ះពាល់នឹងគ្រឿងញៀន។

សម្ដេច មានប្រសាសន៍ថា «អ្នកបើកបរ ដឹកទំនិញធំៗ និងក្រុមហ៊ុន ខ្ញុំជឿថា និងសូមឲ្យឯកឧត្តម ឧត្តមសេនីយ៍អគ្គស្នងការនគបាល ដើម្បីឆែកមើលបន្តទៀត ដែលភាគច្រើន គឺគ្រឿងញៀនតែម្តង។ ពាក់ព័ន្ធនឹងគ្រឿងញៀន អីញ្ចឹងហើយសួមឲ្យ ក្រុមហ៊ុនវិស័យ ឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិសេសនោះគឺអគ្គស្នងការនគបាលដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់»។

សម្ដេច បន្ដថា «អ្នកបើកបរទាំងអស់ហ្នឹង ខ្ញុំថាមិនតិចទេ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ដូច្នេះយើងត្រូវរៀបចំបែបបទនីតិវិធី ដើម្បីធ្វើការត្រួតពិនិត្យបែបណាដោយ មានកិច្ចសហការរវាងសមត្ថកិច្ច ជាមួយវិស័យឯកជន ពិសេសក្រុមហ៊ុនដឹកជញ្ជូន។ រួចហើយយើងត្រូវរកវិធីដោះស្រាយ នេះជាបញ្ហាដែលខ្ញុំស្នើសុំឲ្យមានការយកចិត្តទុកដាក់»។

លើសពីនេះ សម្ដេច ស ខេង បានណែនាំឲ្យបន្តបំពាក់ភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់គ្រាន់ ដើម្បីធានាឲ្យការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។ ក្នុងនោះ ត្រូវបន្តបំពាក់កាមេរ៉ាចល័តនៅតាមដងផ្លូវជាតិនានា តាមការបញ្ចូលគម្រោងបំពាក់កាមេរ៉ានៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ