ភ្នំពេញ ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា ចំនួន ៦៦៤,៩៩៤ ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់ការអប់រំបរិយាប័ន្ននៅខេត្តកណ្តាល និងរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ កុម្ភៈ ថា ថវិកា ចំនួន ៦៦៤,៩៩៤ ដុល្លារ ក្នុងនោះ ថវិកា ២៦៦,៤២៨ ដុល្លារ ត្រូវបានផ្តល់ទៅសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្ត គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាពតាមរយៈ ការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី៣)។ ដោយឡែក ថវិកា ៣៩៨,៥៦៦ ដុល្លារទៀត ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ដើម្បីអនុវត្ត គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល ៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣)។

ក្នុងឱកាសពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះអង្គការទាំងពីរ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។

លោក បន្ដថា ខណៈពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជា គម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទាន ចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។ 

លោកទូត បញ្ជាក់ថា «យើងជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ