ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស បង្ការកុំឲ្យសមាជិកក្រុមគ្រួសារពាក់ព័ន្ធគ្រឿងញៀន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេច ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធី អំពីការចរាចរណ៍គ្រឿងញៀន និងការផលិតគ្រឿងញៀនសំយោគ។ 

សម្ដេច មានប្រសាសន៍ថា «សូមអំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងត្រូវបង្ការកុំឲ្យសមាជិកក្រុមគ្រួសារពាក់ព័ន្ធគ្រឿងញៀន»។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានលើកឡើងពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ នៅពាក់កណ្ដាល ឆ្នាំ២០២២នេះ ខណៈ សម្ដេច ថា ការបោះឆ្នោតនេះ កម្ពុជាបានឆ្លងកាត់រយៈពេល ២០ឆ្នាំមកហើយ ហើយពីមួយអាណត្តិ ទៅមួយអាណត្តិ ការបោះឆ្នោតនេះកាន់តែមានភាពល្អប្រសើរ មានន័យថា ប្រជាពលរដ្ឋមានការឲ្យតម្លៃ និងយល់ដឹងចំពោះសេចក្ដីត្រូវការចាំបាច់ នៃការបោះឆ្នោត ដើម្បីធ្វើឲ្យមូលដ្ឋានមានស្ថិរភាព។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់គណៈកម្មការប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមានជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ