ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់បង្កើនយកចិត្តទុកដាក់ ដោយសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ ការប្រមូលផ្ដុំបណ្ដាញក្រុមឧទ្ទាមរបស់វៀតណាម ដែលអាចលួចចូលមកកម្ពុជា ក្រោយបើកការប្រយុទ្ធនៅក្នុងប្រទេសវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះនាឱកាសអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យអាជ្ញាខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ចុះពិនិត្យដោយផ្ទាល់នៅតាមភូមិនានា ដោយមិនត្រូវ អនុញ្ញាតជាដាច់ខាតចំពោះការជ្រកកោនរបស់បណ្ដាញក្រុមឧទ្ទាមរបស់វៀតណាម ដែលអាចសម្ងំរស់នៅជាមួយប្រជាពលរដ្ឋខ្មែរនៅតាមភូមិ។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានព្រមានដល់អង្គការអន្តរជាតិមួយចំនួននៅកម្ពុជា គឺត្រូវជៀសឲ្យឆ្ងាយពីការទទួលយក បណ្ដាញក្រុមឧទ្ទាមវៀតណាមមកជ្រកកោន ព្រោះនេះ ជាឧក្រិដ្ឋកម្មអន្តរជាតិ ហើយកម្ពុជា មិនអនុញ្ញាតឲ្យយកទឹកដីកម្ពុជា ដើម្បីប្រឆាំងរដ្ឋដទៃឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ