ក្រសួងកសិកម្ម មិននឹកស្មានថា ជំងឺដុំពកស្បែក គោ ក្របី រាលដាលយ៉ាងលឿន ធ្វើឲ្យឆ្លងជាង៣ម៉ឺនក្បាល
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិននឹកស្មានថា ជំងឺដុំពកស្បែក គោ ក្របី បានរាលដាលយ៉ាងលឿន ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលមកទល់ពេលនេះ ឆ្លង គោ ក្របី ជាង៣០ ០០០ក្បាលហើយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺដុំពកស្បែក គោ ក្របី (Lumpy Skin Disease) នៅកម្ពុជា។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការតាមពិនិត្យ និងព្យាបាលសត្វគោ ដែលឆ្លងជំងដុំពកនៅលើស្បែកកន្លងម ក ក្រសួងក៏បានខិតខំប្រឹងប្រែងស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែក គោ ក្របី ក៏បានដំណើរការព្រមគ្នា ផងដែរ។
លោកបានបញ្ជាក់ថា «ប៉ុន្តែ អ្វីដែលក្រសួងមិននឹកស្មានដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះ បានរាលដាលយ៉ាងលឿន ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ជាពិសេស នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់និងធ្វើឲ្យសត្វគោឈឺ ចំនួនជាង ៣០ ០០០ ក្បាលហើយ ជាពិសេស បានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោបានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង»។
លោកបានបន្ដថា ក្រសួងទទួលបានវ៉ាក់សាំង ចំនួន២ម៉ឺនដូស នៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់ សម្រាប់ក្រសួង មានលទ្ធភាពចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺដុំពកស្បែក គោ ក្របី ដឹកនាំដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ។
លោកបានបន្ថែមថា ក្រសួងកសិកម្ម មានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅសប្តាហ៍បន្ទាប់៕EB