រដ្ឋមន្ដ្រីក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចំការស្វាយ ដែលមានបំណងនាំស្វាយទៅចិន ត្រូវមកចុះបញ្ជី នៅអគ្គនាយដ្ឋានកសិកម្ម
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបន្ដអំពាវនាវដល់សាធារណជន និងម្ចា ស់ចំការស្វាយទាំងអស់ ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ចិន ត្រូវមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្មជាមុនសិន ។
ការអំពាវនាវរបស់លោក វេង សាខុន ដោយពិនិត្យឃើញថា មានសាធារណជន និងម្ចាស់ចំការស្វាយជាច្រើន បានត្អូញត្អែរ ចំពោះបញ្ហាកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ នាពេលថ្មីៗនេះ។
តាមរយៈគេហទំព័ហ្វេសប៊ុករបស់ លោក វេង សាខុន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឆ្លើយតបវិញថា «ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជូនចំពោះសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម»។
លោក ក៏បានបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការ ផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី មានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថា មិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹង មកលោកបន្តទៀតឡើយ។
សូមរំលឹកថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយ ស្ថានទូតចិន ប្រចាំកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។
ក្រោយពីដាក់សម្ពោធរួច ស្វាយស្រស់របស់កម្ពុជា បានទៅកាន់ដល់ប្រទេសចិន ត្រូវបានស្វាគមន៍ ពីសំណាក់ មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province )៕EB