ប្រទេសសិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់ C និងដាក់បន្ថែមពិន័យធ្ងន់ធ្ងរជាងមុន ចំពោះអ្នកនាំចូលនិងចែកចាយ និងអ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ។នេះបើតាមការចេញផ្សាយរបស់ព័ត៌មានCNA កាល់ពីពេលកន្លងទៅ។

ប្រទេសនេះក៏បានបង្កើតយន្តការតាមដានការប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមគ្រឹះស្ថានសិក្សា ដោយមានការដាក់ពិន័យចំពោះសិស្ស និស្សិតដែលនៅតែបន្តជក់បារីអេឡិចត្រូនិក ដូចជាការវាយនឹងរំពាត់ (សិស្សប្រុស) ព្យួរការសិក្សា ទំលាក់ថ្នាក់ ទទួលនិតិសម្បទា ដកហូតអាហារូបករណ៍ ឬបណ្តេញចេញជាដើម បន្ថែមលើការពិន័យជាប្រាក់។

គួរបញ្ជាក់ថា សិង្ហបុរីបានហាមឃាត់ការនាំចូល ការលក់និងចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក តាំងពីខែសីហា ឆ្នាំ២០១៦។ អ្នកនាំចូលបារីអេឡិចត្រូនិក នឹងត្រូវជាប់ពន្ធនាគារចាប់ពី៣ឆ្នាំ ដល់២០ឆ្នាំ។ ចំណែកអ្នកចែកចាយបារីអេឡិចត្រូនិក ត្រូវជាប់ពន្ធនាគារ ចាប់ពី២ឆ្នាំដល់១០ឆ្នាំ។ រីឯប្រាក់ពិន័យនឹងកើនពី $៣០០សិង្ហបុរី ដល់$៥០០សិង្ហបុរី ចំពោះអ្នកជក់បារីអេឡិចត្រូនិកដែលមានអាយុតិចជាង១៨ឆ្នាំ និងកើនពី$៥០០សិង្ហបុរី ដល់$៧០០សិង្ហបុរី ចំពោះអ្នកដែលមានអាយុលើស១៨ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះតទៅ។ 

ដោយឡែកចំពោះមន្ត្រីរាជការនិងកងកម្លាំង ដែលរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ ការកាន់កាប់ ឬចែកចាយបារីអេឡិចត្រូនិក នឹងត្រូវទទួលពិន័យរួមមានការទម្លាក់ឋានៈនិងបណ្តេញចេញ បន្ថែមលើការពិន័យជាប្រាក់។ 

សម្រាប់នៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្តីណែនាំហាមឃាត់ការនាំចូល ការធ្វើអាជីវកម្ម ការចែកចាយលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី និងស៊ីស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ផលិតផលហាមឃាត់ទាំងនេះ ក្នុងចំណោមកុមារនិងយុវជន មានការកើនឡើងគួរឲ្យព្រួយបារម្ភ។ មូលហេតុចម្បង គឺដោយសារបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី នៅតែមានវត្តមានក្នុងប្រទេសកម្ពុជា និងត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេងដល់សាធារណជន ជាពិសេសតាមបណ្តាញព័ត៌មានសង្គម។ ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា ពីការបំផ្លា្ញញទាំងសតិបញ្ញានិងកាយសម្បទាដោយផលិតផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គួរមានគតិយុត្តនិងយន្តការរឹងមាំ ដែលមានអំណាចលើហាមឃាត់ការនាំចូល និងការចែកចាយលក់បារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី។

លោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា សំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីកាលពីពេលថ្មី  បដិសេធច្រានចោលការវិនិយោគលើបារីអេឡិចត្រូនិកនេះ។

សូមបញ្ជាក់ថា ការជក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី បណ្តាលឲ្យញៀននិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលរបស់កុមារនិងយុវជន ធ្វើឲ្យមានរបួសសួតធ្ងន់ធ្ងរ និងប៉ះពាល់សរីរាង្គដទៃទៀត។៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ