កម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ កម្ពុជា-បារាំង
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Sébastien LECORNU តែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង។
សារលិខិតអបអរសាទររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះ៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង លោក ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមក»។
ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ឯកឧត្តម និងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង
និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។
ក្នុងបរិបទនេះ សម្ដេច ពិតជាមានកិត្តិយសក្នុងការរំពឹងថា លោក នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា៕