ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ។

នៅពេលសាងសង់រួច គម្រោងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រកោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។ 

វឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អងក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់នេះ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ សម្រេចបាន ៤៥% លឿនជាងផែនការ ៤,១១% ដែលរយៈពេលសាងសង់តាមផែនការមានរយៈពេល៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខនេះ។ 

ស្ពានឆ្លងកាត់ទន្លេបាសាក់មានផ្នែកខាងលិចកាត់ផ្លូវជាតិលេខ២ ភ្ជាប់ដោយរង្វង់មូលទៅ មហាវិថីឈុន គង់ កាត់ទទឹង មហាវិថីសម្តេច ហ៊ុន សែន និងផ្នែកខាងកើតកាត់ផ្លូវលេខ១១០ ភ្ជាប់ដោយរង្វង់មូលទៅ ផ្លូវក្នុងបុរីប៉េងហួត និងផ្លូវលំ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិលេខ១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ