ស្រុកកំពង់ត្របែក ៖ បន្ទាប់ពីមើលឃើញពីការលំបាករបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្របែក រួមទាំងក្រុមប្រឹក្សា និងមេឃុំកន្សោមអក ប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ ព្រមទាំងប្រជាកាពារជាច្រើនរូប បានរួមសហការគ្នាចុះជួយសាងសងផ្ទះ ចំនួន០១ខ្នង ជូនលោកតា ម៉ៅ ម៉ាន់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិតាទាំង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ការរួមសហការពីកម្លាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ប្រកបដោយសាមគ្គីភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជាក់ស្តែងដូចលោកតា ម៉ៅ ម៉ាន់ រូបនេះ។ បន្ទាប់ពីបានបញ្ចប់ការលើកផ្ទះរួចរាល់ លោកតាម្ចាស់ផ្ទះ បានថ្លែងអំណអរគុណ កម្លាំងនគរបាលទាំងអស់រួមទាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា។

នាឱកាសនោះដែរ កម្លាំងអាជ្ញាធរឃុំកន្សោមអកបានធ្វើការណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃឃុំកន្សោមអកទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋតាមដានស្តាប់ព័ត៌មានគ្រប់ពេលវេលា ជុំវិញការបម្រែបម្រួលអាកាសធាតុ ដើម្បីងាយស្រួលក្នុងការប្រុងប្រយ័ត្នឲ្យបានទុកជាមុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ