ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ដល់ការបង្កើតស្នាដៃផ្ទាំងគំនូរ និងរូបភាពរចនាសិល្បៈ ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងនឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ ទិវាគ្រូបង្រៀន ជាទិវាមួយ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាំងពីឆ្នាំ១៩៩៧ គឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

លោកបានបន្ដថា នៅគ្រប់កាលៈទេសៈទាំងអស់ គ្រូបង្រៀនបានខិតខំព្យាយាមបំពេញភារកិច្ច ក្នុងការបណ្តុះសម្បទាអប់រំដល់សិស្ស ឱ្យបានប្រកបដោយពុទ្ធិសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងសោភ័ណសម្បទា ដើម្បីក្លាយជាមូលធនសង្គម ដែលប្រកបដោយពុទ្ធិ និងវិបុលភាព ជាប្រជាពលរដ្ឋពោរពេញ ដោយភាពរស់រវើក និងអំណត់តស៊ូជាពលរដ្ឋសកល និងជាប្រជាជាតិកម្ពុជា ដែលការពារអធិបតេយ្យភាព និងឯករាជ្យភាពជាតិ។ គ្រូបង្រៀនបានរួមចំណែកកសាងសិស្សានុសិស្សឱ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកំលាំង ចលករ នៃការអភិវឌ្ឍន៍សង្គមជាតិមិនអាចខ្វះបានឡើយ។

សូមជម្រាបជូនថា ដើម្បីជាការលើកតម្កើងគុណតម្លៃ និងការយល់ដឹងជាសាធារណៈ នៃទិវាគ្រូបង្រៀនឱ្យបានកាន់តែប្រសើរឡើង ក្រសួងអប់រំ សូមជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នៅកម្រិតមធ្យមសិក្សា (ថ្នាក់ទី៧ ដល់ ទី១២ ឬ កម្រិតថ្នាក់ដែលមានតម្លៃស្មើ) និងដែលមានអាយុមិនលើស១៩ឆ្នាំ សូមចូលរួមរៀបចំបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ ក្រោមប្រធានបទ «គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង» ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន៥ តុលា ឆ្នាំ២០២១៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ