គ.ជ.ប នឹងចាប់ផ្ដើមផ្ដល់ ឯ.អ ជូនអ្នកបោះឆ្នោតរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃ២២ មិថុនា ដល់ថ្ងៃ២១ កក្កដា
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមផ្ដល់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហៅកាត់ ឯ.អ» ជូនអ្នកបោះឆ្នោតទាំងឡាយណាដែលបាត់/ខូច/ហួសសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចាប់ពីថ្ងៃ២២ ខែមិថុនា ដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល៣០ថ្ងៃ។
គួរជម្រាបថា ដើម្បីមានសិទ្ធិបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប (ឆ្នាំ២០២២) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប៉ុន្តែក្នុងករណីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនោះត្រូវបានបាត់ ឬខូច ឬហួសសុពលភាព ប្រជាពលរដ្ឋសាមីត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហៅកាត់ ឯ.អ ដើម្បីយកទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។
តាមរយៈបទសម្ភាសនាពេលថ្មីៗនេះ លោក ស៊ុ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គ.ជ.ប បានឱ្យដឹងថា គណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប ឬ SEC) ជាអ្នកអនុវត្តផ្ដល់ឯកសារនេះ។ ការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហៅកាត់ ឯ.អ នេះដែរ នឹងធ្វើឡើងអំឡុងពេល៣០ថ្ងៃ ចាប់ពីថ្ងៃ២២ ខែមិថុនា ដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងយូរបំផុតត្រឹមម៉ោង៥៖៣០នាទីល្ងាច៕EB