ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីកង្វល់ចំពោះបញ្ហាគ្រឿងញៀន តម្រូវឲ្យមានការយកចិត្តទុកដាក់ និងកិច្ចសហការពីគ្រប់ភាគីទាំងអស់ ខណៈអ្នកជាប់ពន្ធនាគារប្រមាណ ៣៨០០០នាក់ មានជាង២០០០០នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ 

ក្នុងកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ប្រចាំឆ្នាំ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ កុម្ភៈ សម្ដេច ស ខេង បានព្រួយបារម្ភពីកការវាយលុកគ្រឿងញៀននៅកម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា បញ្ហាកូវីដ-១៩ នឹងឈានដល់ទីបញ្ចប់ ប៉ុន្តែបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀន នឹងផ្តល់ការលំបាកកាន់តែខ្លាំង។

សម្ដេច បន្ដថា បច្ចុប្បន្ន ពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារតែ៥៤,៥២ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន ដែលក្នុងនោះមានទាំងអ្នកដែលរកស៊ី និងអ្នកជក់។ សម្តេច ស ខេង បានលើកឡើងពីការស្តារនីតិសម្បទា ការបន្សាបគ្រឿងញៀន ដើម្បីការបន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ។

សម្តេច ស ខេង បានបញ្ជាក់ថា សម្តេចនឹងជជែកបន្ថែមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើផែនការស្តារនីតិសម្បទា ហើយជំរុញឲ្យអាជ្ញាធរខេត្តចាប់ផ្តើមគិតពិចារណា មុនសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃនាពេលខាងមុខ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ