បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងថា ការរក្សាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ។

ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ខេត្ដបាត់ដំបង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង លើកឡើងអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «ទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល ៥ឆ្នាំ បន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ»។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ជូនអង្គពិធី ចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដែលបានធ្វើចំណាកស្រុក ទាំងនៅក្នុង និងក្រៅប្រទេស ត្រៀមឯកសារដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍជាតិ ដូចដែលកម្ពុជាបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣មក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ