ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំខេត្តលេខ៣១២ ប្រវែងសរុប ២៨.៣៧២គីឡូម៉ែត្រ ស្ថិតនៅភូមិសាស្ត្រស្រុកព្រះស្ដេច ខេត្តព្រៃវែង។ 

បើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងាធារណការ និងថឹកជញ្ជូន បានឱ្យដឹងថា ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយ ចក្រី(ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។

គម្រោងនេះនឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៦សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។

គម្រោងនេះក៏នឹងរួមបញ្ចូលនូវការដាក់ លូគ្រប់ប្រភេទនៅតាមបណ្ដោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ផ្លូវខេត្តលេខ៣១២នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ និង ប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង ពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផល ប៉ះពាល់ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ