ភ្នំពេញ៖ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។

ក្នុងន័យនេះ ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើ ប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ ហើយក្រសួងក៏សូមអំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិទៅថ្ងៃក្រោយ ពោលគឺ៖ ពេលផ្លូវខូចទៅ បងប្អូនធ្វើដំណើរមានការលំបាក និងខាតបង់ពេលវេលាថែមទៀតផង។

ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn Design)មួយចំនួន ដើម្បីឆ្លើយតបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលត្រូវការបត់ចុះបត់ឡើង និង មានការរៀបចំកន្លែងចំណតយានយន្តមួយចំនួននៅតាមទីប្រជុំជន ដើម្បីសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះចរាចរណ៍សង់ខាងផ្លូវ និងមានស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

លើសពីនេះទៀត ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មានការបំពាក់កាមេរ៉ាល្បឿនចំនួន១៤គ្រឿងផងដែរតាមបណ្តោយផ្លូវ ដើម្បីក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង ។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ