នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពី ថ្នាក់ដឹកក្រសួងនានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល រាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលជាតិ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។យោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្ត ប្រឆាំងការជួញដូរមនុស្ស ដែលជាបទឧក្រិដ្ឋបំផ្លាញមនុស្សជាតិ និងបានដាក់ចេញនូវគោលនយោបាយការងារ គោលនយោបាយគាំពារសង្គម លើកទឹកចិត្ត អ្នកវិនិយោគក្នុងប្រទេស និងទាក់ទាញអ្នកវិនិយោគពីបរទេស ដើម្បីបង្កើនការងារជូនពលរដ្ឋក្នុងស្រុកបានរាប់លាន ក៏ដូចជា បើកច្រកឲ្យបញ្ជូនពលករខ្មែរទៅធ្វើការងារស្របច្បាប់ និងមានសុវត្ថិភាព។របាយការណ៍ដ៏ដែរបានបញ្ជាក់ថា បទល្មើសជួញដូរមនុស្ស នៅតែបន្ដកើតមានតាមរូបភាពថ្មីៗ តែត្រូវបានបង្ការ ទប់ស្កាត់ និងបង្រ្កាបជាបន្ដបន្ទាប់ អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងមានកិច្ចសហការគ្នាបានល្អ រវាងក្រសួង ស្ថាប័ន អង្គភាព សមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំង លេខាធិការដ្ឋាន នៃគណៈកម្មាធិការថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូទាំងឡាយ ដែលមានសកម្មភាព និងគោលដៅរួមគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ