ឡោមព័ទ្ធវីឡាមួយកន្លែង នៅផ្សារស្លាបលែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន៦នាក់ ដកហូតគ្រឿងញៀន ១៦១កញ្ចប់
កំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែងស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនមនុស្ស ៤នាក់ ជាមេក្លោង និងដកហូតគ្រឿងញៀន១៦១កញ្ចប់ រថយន្តសេរីទំនើប ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន រួមនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានធ្វើការពន្លាតសមត្ថកិច្ចដែនដីដោយធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់(ស្រី០២) ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
លោកមេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ ឌា រ៉ានី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ , ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយឡោមព័ទ្ធ និងឃាត់ខ្លួនមេក្លោងទាំង៤នាក់ ខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរក៏បន្តដេញប្រផាប់ចាប់ប្រភីងមុខសញ្ញា ២នាក់បន្ថែមទៀត ដែលបានរត់ចូលទៅក្នុងភូមិសាស្ត្រស្រុកឈូកនៃខេត្តកំពត ក្រោយដឹងខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធភូមិគ្រឹះខាងលើ។ កម្លាំងអាវុធហត្ថនៃខេត្តទាំងពីរបានសហការជាមួយអាវុធហត្ថខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានតាមប្រម៉ាញ់មុខសញ្ញារហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បន្ថែមទៀត ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមថាក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ កម្លាំងជំនាញអាវុធហត្ថនៃខេត្តទាំង ៣ បានចាប់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ១៥៩កញ្ចប់ ម្សៅពណ៌សចំនួន ២កញ្ចប់ រថយន្តសេរីទំនើបប្រភេទFordចំនួន២គ្រឿង ទូរស័ព្ទដៃ៦គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុរួចហើយ ដើម្បីបន្តនីតិវិធីច្បាប់៕