គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាមជាង ២០០គ្រាប់ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានកម្ទេចចោល
មណ្ឌលគិរី ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទេសរដ្ឋមន្រ្តី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានសហការជាមួយអាជ្ញាធរមីន និងអាជ្ញាធរខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ សំណេះសំណាលប្រជាពលរដ្ឋ កងកម្លាំង និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី រួមនឹងអាជ្ញាធរពាក់ព័ន្ធក៏បានរៀបចំពិធីដុតកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ និងអំបែងចំនួន ៥៦,៩៤៩ដុំ ដែលនៅសល់ពីសង្គ្រាម។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទេសរដ្ឋមន្រ្តី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ បានថ្លែងថា កម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោគជាំដោយភ្លើងសង្រ្គាមអស់ ជាច្រើនទសវត្សរ៍។ បន្ទាប់ពីសង្រ្គាមត្រូវបញ្ចប់ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះជាច្រើនបាននៅសេសសល់កប់ក្នុងដីដែលតែងបង្ក ជាហានិភ័យដល់អាយុជីវិតមនុស្សសត្វនិងទ្រព្យសម្បត្តិទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមីន ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងការអនុវត្តគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម ជាហេតុនាំឱ្យប្រតិបត្តិការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ប្រតិបត្តិការក្នុងខេត្តមណ្ឌលគិរីនេះ ក្នុងការអនុវត្តន៍គម្រោង «ផ្តល់ដីមានសុវត្ថិភាពមានផ្ទៃដីសរុបចំនួន៩,១២១,៩៧៣ម៉ែត្រក្រឡា ត្រូវបានបោសសំអាតបានផ្ទៃដីសរុប ៨,១៧៩,៣៧៧ម៉ែត្រក្រឡា ស្មើនឹងប្រមាណ ៨០% នៃផ្ទៃដីសរុប។ ក្នុងនោះមន្ត្រីបានរកឃើញមីនប្រឆាំងមនុស្ស និងរថក្រោះចំនួន ៤៤គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន ១៦៩គ្រាប់ ព្រមទាំងអំបែងចំនួន ៥៦,៩៤៩ដុំ។ ចំពោះផ្ទៃដីដែលបានបោសសំអាតរួចបានបែងចែកទៅប្រជាពលរដ្ឋចំនួន៦១៤គ្រួសារ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ