ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។

លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរម្លឹកថា ក្រសួងមហាផ្ទៃ បានធ្វើយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័តនៅទូទាំងប្រទេសរយៈពេលជាង២ឆ្នាំ នៅឆ្នាំ២០០៤ និងឆ្នាំ២០០៦ ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងភាពជោគជ័យនៃការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងអំឡុងពេលយុទ្ធនាការ លោក បានឱ្យដឹងថា ការអនុវត្តចុះបញ្ជីនោះ ក៏ជួបបញ្ហាប្រឈមមួយចំនួន គឺកំហុសឆ្គងទិន្នន័យ ជាអាទិ៍ ខុសអក្ខរាវិរុទ្ធលើនាមត្រកូល-នាមខ្លួន ឬខុសថ្ងៃខែឆ្នាំកំណើត ឬខុសទីកន្លែងកំណើត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង។

លោក ឧត្តមសេនីយ៍ឯក បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញអនុក្រឹត្យស្តីពីមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ដោយបានផ្តល់សមត្ថកិច្ចពិនិត្យសម្រេចកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ហើយបន្ទាប់មក ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រួមមាន សេចក្តីណែនាំ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋាន ដែលត្រូវអនុវត្តក្នុងរយៈពេល០២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតឆ្នាំ២០១៩ សេចក្តីណែនាំ ស្ដីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន និង សេចក្តីណែនាំ ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលកំពុងអនុវត្តជាធរមាននាពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ