រាជរដ្ឋាភិបាល ធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូត ក្នុងករណីកើតឡើង នៅស្រុកអូរជ្រៅ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ចំពោះករណី បានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភាគីថៃ ធ្វើសកម្មភាពជាឯកតោភាគីនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូត ដោយស្របតាមច្បាប់អន្តរជាតិ។
យោងតាមសេចក្ដីប្រកាសពត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៤ កញ្ញា នេះ ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ។
ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យ បន្ដថា ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាលនៅពេលបច្ចុប្បន្ន និងតទៅអនាគត។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តខិតខំធ្វើយ៉ាងណាឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិបូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាពដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ៕