ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ជាការគួរឱ្យសោកស្តាយ ដែលនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជា តំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហាន ខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ 

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរក ដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជា សូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ