ភ្នំពេញ ៖ ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភា នៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជ បានលើកឡើងក្នុងន័យកំប្លែងលេងសើចថា នៅថ្ងៃណាមួយដែលជាឱកាសល្អ សម្តេច នឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន និងលោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន់ ទៅហាងកាហ្វេ ដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ កុំឱ្យចាញ់យុវវ័យសម័យបច្ចុប្បន្ន ដែលតែងជួបគ្នាក្នុងហាងកាហ្វេ។

សម្តេចតេជោ គូសបញ្ជាក់ថា “យើងឧស្សាហ៍បបួលគ្នាទៅរកតៀមកាហ្វេ អត់អីទេអាហ្នឹង អាហ្នឹងមិនដូចកាញារីទ្ធទេ។ កាញារីទ្ធទៅវាជារឿងផ្សេង អាយើងទៅចាស់ៗគឺរកកាហ្វេអីទេ ។ ព្រោះឥឡូវគេជំនុំគ្នា គេហៅគ្នា គេណាត់គ្នាទៅហាងកាហ្វេនេះហាងកាហ្វេនោះ គេនិយាយការងារនៅតាមហាងកាហ្វេវិញ”។

ការមានប្រសាសន៍របស់ សម្តេចតេជោ បន្ទាប់ពី សម្តេច បានឃើញថា សព្វថ្ងៃនេះមិនថានៅទីក្រុង ឬខេត្តជនបទ ដាច់ស្រយ៉ាលទេ គឺមានហាង ឬតូបកាហ្វេរីកផុសឡើងគ្រប់ទីកន្លែងដែលជាកន្លែងណាត់ជួបរបស់យុវវ័យសម័យថ្មីជួបពិភាក្សាការងារផ្សេងជាមួយគ្នាដោយរីករាយ ។

ចំពោះហាងកាហ្វេនេះ សម្តេច ក៏បានថ្លែងថា មិនអាចហាមឃាត់មិនឲ្យមានការវិនិយោគបាននោះទេ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ