ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ «ដំណើរថ្មើរជើង Solidarity March» ដែលរៀបចំដោយ ស.ស.យ.ក
ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលផ្តួចផ្តើមគំនិតរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋបាលរាជធានី គណៈបញ្ជាការឯកភាព អង្គភាពចំណុះពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ស.ស.យ.ក. ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងសម្រេចលើការងារសន្តិសុខ សណ្តាប់ធ្នាប់ នៃការរៀបចំកម្មវិធីខាងលើ ដោយធ្វើការបែងចែកភារកិច្ច និងទំនួលខុសត្រូវទៅតាមជំនាញនីមួយៗ សំដៅធ្វើយ៉ាងឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យត្រចះត្រចង់ ដើម្បីជាកិត្តិយសសម្រាប់ប្រទេសជាតិ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ឲ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីដើម្បីបញ្ចៀសបាតុភាពអសកម្ម និងធានាថាការប្រព្រឹត្តទៅ នៃកម្មវិធីទទួលបានជោគជ័យដ៏ត្រចះត្រចង់៕